លោកអ្នកអាចនឹងមិនបានចាប់អារម្មណ៍ចំពោះអ្វីដែលលោកអ្នកត្រូវចៀសវាង ដើម្បីទទួលបានភាពជោគជ័យ។ បើសិនជាលោកអ្នកមានអារម្មណ៍បែបនេះមែន ចំណុចខាងក្រោមគឺជាមេរៀនដ៏ល្អសម្រាប់លោកអ្នក៖
១. បង្កើតលេស
សូមកុំស្ដីបន្ទោសអ្នកដទៃ ព្រោះតែអ្នកមិនអាចទទួលបាននូវអ្វីដែលអ្នកចង់បាន។ ហើយសូមឈប់ប្រកែកមិនទទួលនូវការទទួលខុសត្រូវពេលដែលអ្នកធ្វើកំហុស។ ជម្រើសទាំងឡាយគឺជារបស់អ្នក ដូច្នេះបើមានកំហុសក៏វាជារបស់អ្នកដែរ។
២. ផ្ដោតលើរឿងអវិជ្ជមាន
នៅក្នុងជីវិតរបស់មនុស្ស មានរឿងរ៉ាវអាក្រក់ច្រើនណាស់ ដែលយើងមិនអាចគ្រប់គ្រងបាន ប៉ុន្តែវាក៏មានផងដែរ នូវបទពិសោធន៍ល្អ និងការចងចាំដ៏រីករាយទាំងឡាយ។ ហើយការដែល គិតដល់រឿងល្អៗទាំងនោះ វាជារឿងប្រសើរណាស់ បើប្រៀបធៀបនឹងផ្នែកអវិជ្ជមាននៅក្នុងជីវិតរបស់អ្នក។
៣. ខ្លាចភាពភ័យខ្លាច
វាគ្មានហេតុផលណាដែលយើងត្រូវខ្លាចបរាជ័យឡើយ ផ្ទុយទៅវិញ លោកអ្នកត្រូវរៀនរស់ជា មួយវា រៀនសូត្រពីវា ហើយកាត់បន្ថយវានៅថ្ងៃខាងមុខ។
៤. ស្វែងរកតែមធ្យោបាយងាយៗ
មនុស្សច្រើនណាស់ ដែលតែងសួរថា តើការងារនេះងាយស្រួលឬលំបាក? សូម្បីតែសិស្ស និស្សិតក៏ចោទសំរថា តើមុខវិជ្ជានេះស្រួលឬលំបាកដែរ។ ប៉ុន្តែពួកគេភ្លេចគិតថា បើការងារជោគជ័យបានមកពីការងារស្រួលៗនោះ មនុស្សទាំងអស់សុទ្ធតែជោគជ័យហើយ។
៥. លើកតម្កើងខ្លួនឯង
ការលើកតម្កើងខ្លួនឯងគឺជារឿងដ៏អាក្រក់មួយ ក្នុងចំណោមរឿងអាក្រក់ទាំងឡាយដែលអាច បណ្ដាលឱ្យខូចទំនាក់ទំនងនៅក្នុងសង្គមរស់នៅរបស់មនុស្ស។ ដូច្នេះការបំប៉ោងខ្លួនឱ្យហួសពីការពិតមិនមែនជាកត្តានាំឱ្យលោកអ្នកទទួលបានភាពជោគជ័យឡើយ។
៦. រមិលគុណ
ដើម្បីធ្វើឱ្យជីវិតរបស់លោកអ្នកទទួលបាននូវភាពរីករាយកាន់តែខ្លាំង គឺលោកអ្នកត្រូវតែជាមនុស្សដែលដឹងគុណស្រ័យរបស់អ្នកដទៃ។ ហើយបើសិនជាលោកអ្នកចង់បាត់បង់សុភមង្គល ការពេញចិត្ត និងក្ដីសាទរនោះ សូមលោកអ្នកធ្វើជាមនុស្សរមិលគុណចុះ។
៧. គិតតែពីតម្រូវការខ្លួនឯង
ការគិតតែពីខ្លួនឯងគេហៅថា ភាពអាត្មានិយម ។ មនុស្សអាត្មានិយមទាំងឡាយ មិនអាចធ្វើការដើម្បីអ្នកដទៃបានឡើយ ហើយនៅពេលដែលគេមិនអាចធ្វើការដើម្បីអ្នកដទៃបាន ពួកគេក្លាយជាមនុស្សឯកោក្នុងសង្គម។ ក្នុងស្ថានភាពបែបនេះ ភាពជោគជ័យមិនអាចនឹងកើតមាន ចំពោះគេបានឡើយ។
៨. ព្រួយបារម្ភ វង្វេងវង្វាន់
ខ្ញុំត្រូវតែធ្វើអ្វីមួយ....ប៉ុន្តែ.....។ ឃ្លានេះសម្ដែងឱ្យឃើញនូវភាពស្ទាក់ស្ទើរ ក្ដីព្រួយបារម្ភ វង្វេងនឹងការគិតដ៏ច្របូកច្របល់របស់ខ្លួនគ្មានទីបញ្ចប់។ ពិតណាស់ ការគិតគឺជាកត្តាលីករនៃភាពជោគជ័យ ប៉ុន្តែការគិតដែលខ្វះមូលដ្ឋាន ការគិតបែបស្មុគស្មាញពេក មិនបានផ្ដល់ផលល្អដល់ ជីវិតអ្នកទេ។
៩. រស់តែលតោលគ្មានទិសដៅ
លោកអ្នកត្រូវតែធ្វើឱ្យប្រាកដប្រជានូវគោលដៅជីវិត និងវត្ថុបំណងរបស់លោកអ្នក។ ភាពជោគជ័យមានន័យថា លោកអ្នកបានបំពេញគោលដៅនៃជីវិតរបស់លោកអ្នកជារៀងរាល់ថ្ងៃ។
១០. ឆាប់បោះបង់ឬចុះចាញ់
នៅពេលដែលលោកអ្នកជួបកិច្ចការសំខាន់ៗនៅក្នុងជីវិត តើលោកអ្នកឆ្លើយតបយ៉ាងណាចំពោះរឿងរ៉ាវទាំងនោះ? តើលោកអ្នកបោះបង់វាចោលមែនទេ? ឬក៏លោកអ្នកបន្តការងាររបស់លោកអ្នកបន្តទៀត។ ប្រសិនបើលោកអ្នកបន្ត លទ្ធផលអាចជោគជ័យ និងបរាជ័យ ប៉ុន្តែវាជារឿងច្បាស់ណាស់ថា ការបរាជ័យនឹងធ្លាក់មកលើអ្នក បើសិនលោកអ្នកបោះបង់វាចោល។
Post A Comment:
0 comments: