គេហទំព័ររបស់ក្រុមហ៊ុនវាយតម្លៃ អភិវឌ្ឍសមត្ថភាព និង គុណភាពអាជីពការងារ Truity Psychometrics របស់អាមេរិក បានស្រាវជ្រាវរកឃើញពីបុគ្គលិកលក្ខណៈរបស់មនុស្សដែលខ្លួនអះអាងថា មានឥទ្ធិពលដល់ការរកប្រាក់ចំណូលរបស់ខ្លួន។
យោងតាមការសិក្សាស្រាវជ្រាវខាងលើ សម្រាប់បរិបទប្រជាជនអាមេរិក បុគ្គលដែលខ្វាយខ្វល់តែខ្លួនឯង ឬ មនុស្សដែលមានភាពអាត្មានិយម ឯកោ ឬ បុគ្គលដែលឆាប់ជឿលើអ្នកដទៃ អាចរកប្រាក់ចំណូលបានជាមធ្យម ៣២ ០០០ ដុល្លារក្នុងមួយឆ្នាំ។ សម្រាប់បុគ្គលដែលយកចិត្តទុកដាក់គិតគូរពីអ្នកដទៃច្រើន គិតច្រើន និង ចូលចិត្តការវិនិច្ឆ័យអាចរកប្រាក់ចំណូលបានរហូតដល់ ៧៧ ០០០ ដុល្លារក្នុងមួយឆ្នាំ។
ការស្រាវជ្រាវរបស់ក្រុមហ៊ុននេះបានលើកឡើងថា ភាពខុសគ្នានៃការទទួលបានប្រាក់ចំណូលរបស់បុគ្គលប៉ុន្មានប្រភេទខាងលើនេះ គឺដោយសារតែមានភាពខុសគ្នាទៅលើបច្ចេកទេសគ្រប់គ្រងជីវិតប្រចាំថ្ងៃរបស់ពួកគេម្នាក់ៗ។
យ៉ាងណាក៏ដោយ អ្នកនិពន្ធនៃការសិក្សាស្រាវជ្រាវនេះបានលើកទឹកចិត្តថា សម្រាប់បុគ្គលដែលចូលចិត្តខ្វាយខ្វល់ពីខ្លួនឯង ឬ មានភាពអាត្មានិយម ឯកោ និង ឆាប់ជឿលើអ្នកដទៃ មិនគួរអស់សង្ឃឹមនោះឡើយ ព្រោះបើតាមរបាយការណ៍សិក្សាស្រាវជ្រាវរបស់អង់គ្លេសបានបង្ហាញថា បុគ្គលប្រភេទនេះមានហាងឆេងខ្ពស់លើមុខដំណែងការងារនៅក្នុងក្រុមហ៊ុនផ្នែកទីផ្សារជាងបុគ្គលផ្សេងទៀត។
ការស្រាវជ្រាវនេះបានផ្តល់ដំបូន្មានថា បុគ្គលប្រភេទនេះ គួរតែចេះអាប់ដេត (Update) ឬ ធ្វើឲ្យខ្លួនឯងឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ក្នុងការប្រស្រ័យទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួន ជាពិសេសគឺការបង្កើតកម្មវិធីជជែកពិភាក្សាឲ្យបានច្រើន។
ទន្ទឹមនឹងនេះ ការស្រាវជ្រាវនេះក៏បានរកឃើញផងដែរថា ក្នុងចំណោមក្រុមអ្នកយកចិត្តទុកដាក់គិតគូរពីអ្នកដទៃច្រើន គិតច្រើន និង ចូលចិត្តការវិនិច្ឆ័យ មាន ២ ភាគ ៣ គឺជាបុរសដែលរកប្រាក់ចំណូលបានច្រើនជាងនារី។ ដូច្នេះ ភេទគឺជាករណីមួយទៀតដែលប៉ះពាល់ដល់រឿងរកលុយកាក់នេះ។
ការសិក្សាស្រាវជ្រាវនេះក៏បានរកឃើញផងដែរថា បុគ្គលដែលចូលចិត្តការប្រកួតប្រជែង និង ពូកែលើកអំណះអំណាង ឬ ហេតុផលនានា គឺជាលក្ខណៈពិសេសអាចក្លាយជាអ្នកដឹកនាំគេតែម្តង៕
Post A Comment:
0 comments: